( បទផ្កាឈូករីកពាក្យ ៨ )
១. ធម៌ជាប្រទីបបំភ្លឺដួងចិត្ត ធម៌ជាអម្រឹតសែនត្រជាក់ណាស់
ធម៌ជាសូរ្យសែងចែងចាំងយ៉ាងច្បាស់ ធម៌ជាអ្នកដាស់ជនដែលងុលងប់ ។
២. ធម៌ជាមាគ៌ាដ៍ថ្លៃបវរ ធម៌ជាទិន្នកររ:ទាំងថ្ងៃយប់
ធម៌ជាទឹកឃ្មុំរសផ្អែមលើសលប់ ធម៌ជាទីម្លប់នៃសត្វគ្រប់ប្រាណ ។
៣ ធម៌ជាអ្នកញុំាងឲ្យចិត្តស្កប់ស្កល់ ធម៌ជាអ្នកផ្តល់នូវក្តីសុខសាន្ត
ធម៌ជាមិត្តល្អបវរកល្យាណ ធម៌ជាអ្នកច្រាណឲ្យចាកកម្មពៀ ។
៤ ធម៌ជាសភាវទ្រទ្រង់សត្វ ធម៌ជាអ្នកកាត់ភាពអវិជ្ជា
ធម៌ជាអ្នកទាញឲ្យមនុស្សសាមគ្គា ធម៌ជានាវាដ៍រឹងមាំមួន ។
៥ ធម៌ជាឧសថព្យាបាលដួងចៃ ធម៌ជាទ្រព្យថ្លៃគួរដាក់តាមខ្លួន
ធម៌ជាអ្នកខាត់ចិត្តឲ្យសមសួន ធម៌ជាច្បាប់ក្បួនសម្រាប់សត្តា ។
៦ ធម៌ជាអ្នកជួយឲ្យចិត្តខន្តី ធម៌ជារស្មីដ៍ថ្លៃស្រស់ថ្លា
ធម៌ជាអ្នកខាត់សម្អាតតណ្ហា ធម៌ជាជលសាស្រោចស្រប់ជីវិត ។
៧ ធម៌ជាអ្នកស្ទួយឲ្យផុតអបាយ ធម៌ជាអ្នកស្រាយក្តីទុក្ខសោកពិត
ធម៌ជាជម្រកនៃជនបណ្ឌិត ធម៌ជាផងមិត្តល្អរកស្មើគ្មាន ។
៨ ធម៌ជាអ្នកប្រាប់ឲ្យស្គាល់ខុសត្រូវ ធម៌ជាដងផ្លូវទៅកាន់និព្វាន
ធម៌ជាអ្នកនាំឲ្យចេះធ្វើទាន ធម៌ជាគឿងយានជិះឆ្លងភពត្រៃ ៕
ព្រះគុណម៉ែ
បទជាប់ទងពាក្យ ៩
១ ពេលបុត្រស្ងួន នួនពន្លក មកចាប់ផ្ទៃ
ម្តាយវាងវៃ លៃថ្នមថែ ស្នេហ៍បុត្រថ្លៃ
ខំពពោះ មោះមុតចិត្ត ផ្តិតនិស្ស័យ
លំបាកក្រៃ ថ្ងៃនិងយប់ គ្រប់វេលា
។
២ ពោះសែនធ្ងន់ គ្រុនងុយងោគ រោគជាប់កាយ
តែអ្នកម្តាយ ខ្វាយខ្វល់ទ្រាំ មាំពុះពារ
ភ័យរញ្ជូយ ព្រួយខ្លាចកូន សូន្យជន្មា
គ្រប់វេលា ជាឈឺក្តី ខ្មីរក្សា ។
៣ លុះដល់ថ្ងៃ ថ្លៃកល្យាណ បានគ្របខែ
ផ្ទៃអ្នកម៉ែ ប្រែក្រឡាប់ ចាបឈឺផ្សា
ប្រសូត្របុត្រ ស្លុតស្លេកស្លាំង តាំងចិន្តា
ស្រក់នេត្រា ផ្សាក្រៀមក្រំ ខំបំរាស ។
៤ ញ័រដង្ហក ស្រក់លោហិត ដិតដាមហូរ
គួរអាសូរ ផ្ងូរយំយែក រែកទុកក្រាស់
យំខ្សិកខ្សូល អួលព្រួយព្រឺ ឈឺពេកណាស់
ភ្លេចអៀនខ្មាស់ ច្រាស់ច្រាលចិត្ត ឥតល្ហែល្ហើយ ។
៥ ពិបាកម្លឹង ប្រឹងត្រដរ ប្រសូត្រកូន
ស្ទូចសណ្តូន ក្បូនចម្លង ឆ្លងដល់ត្រើយ
ម៉ែរំភើប ងើបក្រសោប ឪបកៀកកើយ
មិនកន្តើយ ហើយបីបម ថ្នមនែបនិត្យ ។
៦ បំបៅស្ងួន នួនមាសម្តាយ កាយនៅក្បែរ
លោហិតម៉ែ ប្រែទឹកដោះ ប្រោះជីវិត
ទោះហេវហត់ អត់កម្លាំង ស្លាំងស្លេកពិត
តែម៉ែគិត រឹតស្រឡាញ់ ខ្នាញ់បុត្រភ្ងា ។
៧ ថើបជញ្ជក់ ញក់ញីលេង គេងប្រឡែង
ខំខ្នះខ្នែង តែងបីបម ថ្នមគ្រប់គ្រា
ច្រៀងបមពេរ គ្នេរគ្នន់ថែ ស្នេហ៍បុត្រភ្ងា
រាល់វេលា នាគ្រប់គ្រឹក នឹកបុត្រម្តាយ ។
៨ ម៉ូតលាមក គក់ខ្មីឃ្មាត ឆ្លៀតសម្អាត
ប្រឹងសង្វាត ឆ្លាតវាងវៃ លៃខ្វល់ខ្វាយ
ដេកដើរគិត ពិតជាប់ចិត្ត ឥតរសាយ
មិនជិនណាយ ម្តាយរំពឹង ប្រឹងពេកក្រៃ ។
៩ ពេលកូនយំ ងំរញ្ជួយ ព្រួយចិន្តា
ស្ទុះស្រវា ថ្លាថ្លេងល្បូង លួងបុត្រថ្លៃ
ញ័ររំពើក លើកក្រសោប ឱបផ្ទាល់ដៃ
ក្នុងដួងចៃ ក្រៃសន្តោស ប្រោសប្រណី ។
១០ ម៉ែបីព ឈរស្នាលសិ្នទ្ធ ឥតមានហ្មង
ចិត្តបន់ផ្សង ប៉ងឲ្យបាន ថ្កានសុខី
ម៉ែសង្រោះ ទោះលំបាក យ៉ាកម្តេចក្តី
ខំឃ្មាតខ្មី ស្តីទូន្មាន ប្រៀនប្រដៅ ។
១១ កូនកើតទុក្ខ មុខម៉ែក្រៀម បៀមទុក្ខធំ
ជួនម៉ែយំ ងំរញ្ជួយ ព្រួយសោកសៅ
ទឹកចិត្តម៉ែ ស្នេហ៍បំផុត បុត្រឆោមឆៅ
ខ្លាចកូនខ្លៅ ហៅហាមប្រាម តាមច្បាប់ក្បួន ។
១២ ម៉ែខ្នះខ្នែង ស្វែងលៃលក រកលុយកាក់
គិតប្រចក្ស ប្រាក់ម៉ែខំ ផ្សំខ្ជាប់ខ្ជួន
ឲ្យកូនរៀន មានចំណេះ ចេះមាំមួន
បុត្រមាសស្ងួន ខ្លួនខ្ពង់ខ្ពស់ ហួសរន្ធការ ។
១៣ ម៉ែរែកពន់ ធ្ងន់នឿយហត់ អត់រ៉ែរ៉
ទោះមានក្រ ត្រដរទ្រាំ មាំហានក្លា
យាប់ក៍ដោយ ឲ្យតែពៅ នៅសុខា
ព្រះមាតា ហានេត្រូ ហូរញើសប្រាណ ។
១៤ ម៉ែរឹងប៉ឹង ប្រឹងឆ្នាស់ឆ្នើម ដើមបីកូន
ស្ទូចសណ្តូន ក្បូនចំឡង ឆ្លងកល្យាណ
ម៉ែជាគ្រូ សូប្រៀនប្រិត ឥតខកខាន
បុត្រគ្រប់ប្រាណ បានខ្ពង់ខ្ពស់ រស់ព្រោះម៉ែ ។
១៥ លុះបុត្រស្ងួន នួនកល្យាណ បានពេញវ័យ
ម្តាយរំពៃ លៃរៀបចំ ផ្សំគូស្នេហ៍
រៀបគូគាប់ ភ្ជាប់គូស្និទ្ធ ឥតកែប្រែ
ទ្រព្យផងដែរ ម៉ែបំបែក ចែកបុត្រភ្ងា ។
១៦ ម៉ែស្ម័គ្រស្មោះ ប្រោះជីវិត ពិតមានគុណ
ធ្ងន់សែនធ្ងន់ ពន់ពែកក្រៃ ថ្លៃសោភា
បុត្រកុំស្ពឹក នឹកតមស្នង សងគ្រប់គ្នា
ខំម្និសម្នា ព្យាយាមទៅ នៅធ្វើអ្វី ៕២៨/ ៨/ ២០១២
បទបក្សីកាងស្លាបពាក្យ៧
មេរៀនជីវិត
១ ប្រឹងរករកប្រឹងកុំទំនេរ គ្នាន់គ្នេរគ្នេរគ្នាន់ឲ្យប្រពៃ
ខ្មីឃ្មាតឃ្មាតខ្មីបែងលកលៃ ឆ្លាតវៃវៃឆ្លាតត្រិះរិះគិត ។
២ ក្រខ្សត់ខ្សត់ក្រព្រោះមិនខំ លត់ដំដំលត់កាយចិត្តពិត
យើងគួរគួរយើងខំប្រព្រឹត្ត ស្វែងគិតគិតស្វែងកុំរ៉ែរ៉ ។
៣ ធនទ្រព្យទ្រព្យធនដែលខំរក លៃលកលកលៃទុកឲ្យល្អ
យើងត្រូវត្រូវយើងចេះស្មោះស បោកឆឆបោកនាំអបាយ ។
៤ ស្នេហ៍ស្និទ្ធស្និទ្ធស្នេហ៍គួរតែមើល កុំព្រើលព្រើលកុំនាំអន្តរាយ
ស្មោះគេគេស្មោះមិនក្លែងក្លាយ ផ្ញើកាយកាយផ្ញើនឹងក្សេមក្សាន្ត ។
៥ ម្រាក់ក្លើក្លើម្រាក់រាក់ទាក់រាប់ ល្អគាប់គាប់ល្អមិត្តកល្យាណ
យើងរាប់រាប់យើងនឹងសុខសាន្ត ពិតបានបានពិតក្តីសុខា ។
៦ ពុកម៉ែម៉ែពុកត្រូវគោរព ថ្ងៃយប់យប់ថ្ងៃលៃឧស្សាហ៍
គន់គិតគិតគន់មុនវាចារ ស្តីថាថាស្តីស្គាល់ហេតុផល ។
៧ លុយចាយចាយលុយកុំរាត់រាយ ខ្ចះខ្ជាយខ្ជាយខ្ចះលះឥតសល់
លៃផ្សំផ្សំលៃគិតឲ្យដល់ ខ្វាយខ្វល់ខ្វល់ខ្វាយរក្សាវា ។
៨ រស់នៅនៅរស់កុំប្រមាថ ចិត្តស្អាតស្អាតចិត្តស្និទ្ធធម្មា
ស្នេហ៍ញាតិញាតិស្នេហ៍គ្រប់វេលា ផុតពៀរពៀរផុតលែងភ័យព្រួយ។
៩ សាងបុណ្យបុណ្យសាងល្អឥតខ្ចោះ ស្ម័គ្រស្មោះស្មោះស្ម័គ្រកុំរលួយ
ថែជាតិជាតិថែប្រឹងលើកស្ទួយ លៃជួយជួយលៃទើបថ្កើងថ្កាន។
១០ ស្រាស្រីស្រីស្រាបើលេងជ្រុល ងប់ងល់ងល់ងប់ក្នុងសន្តាន
គ្មានសុខសុខគ្មានហ៊ានសនិដ្ឋាន ចិត្តប្រាណប្រាណចិត្តស្អិតទុក្ខា។
១១ ខឹងក្រោធក្រោធខឹងប្រឹងអត់ទ្រាំ មុតមាំមាំមុតក្នុងចិន្តា
ឈ្លោះទាស់ទាស់ឈ្លោះនាំហឹង្សា ខ្លោចផ្សាផ្សាខ្លោចជាដំណំ ។
១២ ព្រះធម៌ធម៌ព្រះសែនល្អក្រៃ ថ្លាថ្លៃថ្លៃថ្លាសិក្សាផ្សំ
យើងត្រូវត្រូវយើងរៀនលត់ដំ ប្រឹងខំខំប្រឹងអប់រំខ្លួន ។
១៣ ដើរផ្លូវផ្លូវដើរតាមពាក្យព្រះ ចាកលះលះចាកក្តីគុំកួន
ខាត់ចិត្តចិត្តខាត់ឲ្យសមសួន ច្បាប់ក្បួនក្បួនច្បាប់ស្តាប់គោរព។
១៤ ពោលពាក្យពាក្យពោលកុំកុហក លួចឆក់ឆក់លួចគួរតែឈប់
ព្រះធម៌ធម៌ព្រះពិតជាម្លប់ ថ្ងៃយប់យប់ថ្ងៃលៃប្រៀនប្រិត ។
១៥ បើកចិត្តចិត្តបើកឲ្យទូលាយ វិចស្ពាយស្ពាយវិចសាងសុចរិត
ទ្រព្យក្រក្រទ្រព្យកុំក្រចិត្ត ស្នេហ៍ស្និទ្ធស្និទ្ធស្នេហ៍ញាតិគ្រប់ប្រាណ ។
១៦ ឆ្មើងកុំកុំឆ្មើងឡើងអំនួត ក្អេងអួតអួតក្អេងមិនប្រមាណ
ស្លូតត្រង់ត្រង់ស្លូតទើបក្សេមក្សាន្ត ពិតបានបានពិតក្តីសុខជា ។
១៧ ស្អប់គេគេស្អប់ចិត្តថ្នាំងថ្នាក់ បែកបាក់បាក់បែកភាពសាមគ្គា
ប្រឹងស្វែងស្វែងប្រឹងតាមពាធា ចងពៀរពៀរចងផ្សងចង់ឈ្នះ ។
១៨ ខ្លួនខុសខុសខ្លួនត្រូវចេះកែរ ប្រួលប្រែប្រែប្រួលកុំមានះ
ត្រាប់រៀនរៀនត្រាប់តាមធម៌ព្រះ ចាកលះលះចាកចិត្តអប្រិយ ។
១៩ គេខុសខុសគេត្រូវមេត្តា ហានក្លាក្លាហានតែខន្តី
ឈ្លោះទាស់ទាស់ឈ្លោះបានផលអ្វី ជេរស្តីស្តីជេរនាំអាប់យស ។
២០ ស៊ូទ្រាំទ្រាំស៊ូកុំខឹងក្រោធ ល្ងង់ឆោតឆោតល្ងង់រករឿងឈ្លោះ
កើតពិតពិតកើតក្តីរងគ្រោះ ស្អុយឈ្មោះឈ្មោះស្អុយលែងកល្យាណ ។
២១ កាប់ចាក់ចាក់កាប់សម្លាប់គ្នា មានពៀរពៀរមានឥតស្រាកស្រាន្ត
ចិត្តខ្មៅខ្មៅចិត្តដូចតិរច្ឆាន ធ្លាក់ប្រាណប្រាណធ្លាក់ទៅអបាយ ។
២២ ខំប្រឹងប្រឹងខំយកឈ្នះចាញ់ ខ្មួលខ្មាញ់ខ្មាញ់ខ្មួលឆួលក្រហាយ
គិតខ្លីខ្លីគិតមិនវែងឆ្ងាយ ប្រែក្លាយក្លាយប្រែបែរងងឹត ។
២៣ ចិត្តខ្លាំងខ្លាំងចិត្តឬក្សខែងរែង ស្វាត់ស្វែងស្វែងស្វាត់ចងពៀរពិត
កើតទុក្ខទុក្ខកើតក្នុងជីវិត នៅនិត្យនិត្យនៅឥតស្រាកស្រាន្ត ។
២៤ យើងត្រូវត្រូវយើងយកឈ្នះខ្លួន មាំមួនមួនមាំល្អកល្យាណ
រស់នៅនៅរស់នឹងក្សេមក្សាន្ត ពិតបានបានពិតក្តីសុខា ។
២៥ យើងខ្មែរខ្មែរយើងត្រូវសាមគ្គី មូលមីមីមូលកុំប្រេះឆា
ថែធួនធួនថែជាតិខេមរា ថ្លៃថ្លាថ្លាថ្លៃតរៀងទៅ ៕
បទពាក្យ ៨
ធម្មជាតិជីវិត
១ រឿងរ៉ាវជីវិតពិតហួសរៀបរាប់ មានច្រើនសន្ធាប់ជាប់ដោយបញ្ហា
ព្រោះតែចំណងចងគឺតណ្ហា ចំណង់ប្រាថ្នាពុំដែលចេះស្កប់ ។
២ ហេតុតែរោគឃ្លានហ៊ានឈ្លោះកាប់ចាក់ គំគួនថ្នាំថ្នាក់ខឹងប្រកាន់ស្អប់
លូតលាស់បន្តកកើតមិនចប់ រស់ឥតសូវស្ងប់ក្នុងភពជីវិត ។
៣ សុខហើយនិងទុក្ខនៅលាយឡំគ្នា ភាពចាស់ជរាតែងវិវត្តន៍ពិត
លោភ:ទោស:ដិតដាមនេបនិត្យ កិលេសរួមរិតជុំជិតសន្តាន ។
៤ មនុស្សខំខ្នះខ្នែងស្វែងប្រឹងពេកក្រៃ ទាំងយប់ទាំងថ្ងៃត្បិតចង់សុខសាន្ត
ប្រាថ្នាសក្តិយសរស់នៅថ្កើងថ្កាន ល្ហែល្ហើយចិត្តប្រាណផុតទុក្ខគ្រាំគ្រា ។
៥ កម្មផលវែកញែករំលែកឥតខ្ចោះ ឲ្យមនុស្សទាំងអស់រស់ខុសពីគ្នា
ខ្លះមានលុយចាយសប្បាយធូធា ខ្លះរស់វេទនាដុនដាបក្រក្រី ។
៦ ដំណើជីវិតពិតឥតទៀងទាត់ ជួនជួបជួនព្រាត់ទាំងប្រុសទាំងស្រី
កើតហើយនឹងស្លាប់ចាប់ភពជាថ្មី រស់លើដែនដីនៃវដ្តសង្សារ ។
៧ អន្ទោលទៅមកគ្មានទីបញ្ចប់ វិលវល់ត្រឡប់គ្រប់ៗរូបា
កើតហើយស្លាប់វិញជារឿងធម្មតា កម្មផលអ្នកចារដាក់ទីទាបខ្ពស់ ។
៨ បើវក់សប្បាយក្លាយដល់ភ្លេចគិត នោះក្នុងជីវិតពិតជារងគ្រោះ
ខូចកេរ្តិ៍អាស្រូវត្រូវធ្លាក់ក្នុងជ្រោះ ស្អុយអស់កេរ្តិ៍ឈ្មោះរស់លេងប្រពៃ ។
១០ ពេលមានធនទ្រព្យលម្អឆើតឆាយ លុះដល់សូន្យកាយក្លាយជាឥតន័យ
បើមិនសាងបុណ្យនឹងជួបទុក្ខភ័យ ឆ្នេះគួរលកលៃគិតគូឲ្យច្បាស់ ។
១១ ព្រះធម៌ដ៍ល្អបរិសុទ្ធសមសួន ជួយដឹកនាំខ្លួនយើងឲ្យល្អល្អះ
គួរឈប់បំពានហ៊ានធ្វើផ្តេសផ្តាស់ ព្រះធម៌ល្អណាស់តែងជួយស្រង់សត្វ ។
១២ កន្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ជនទាំងប្រុសស្រីគួរប្រុងប្រយ័ត្ន
ព្រះធម៌មាននូវត្រូវបដិបត្តិ ព្យាយាមដុះខាត់ចិត្តឲ្យថ្លៃថ្លា ។
១៣ ដឹកនាំជីវិតគិតតាមវគ្គស្នើ កុំប្រឹងហោះហើរដើរតាមតណ្ហា
រៀនរកឧបាយដោះស្រាយបញ្ហា កំនត់វាសនាម្ចាស់ការខ្លួនឯង ៕
បទពាក្យ ៨
ជីវិតសត្វលោក
១ ជីវិតសត្វលោកគឺមិនដែលទៀង ប្រៀបដូចទឹកភ្លៀងបក់បោកតាមខ្យល់
ជួនជួបក្តីសុខជួនទុក្ខកង្វល់ មិនអាចហ្នឹងថ្កល់នៅស្ថិតស្ថេរបាន ។
២ កើតហើយតែងតែវិវត្តន៍ប្តូរផ្លាស់ ជរាឈឺចាស់នឹងស្គមស្គាំងប្រាណ
ឆាកជីវិតពិតកំណត់មិនបាន ជួនជួបថ្កើនថ្កានជួនរងវេទនា ។
៣ មានជិពជន្មហើយរមែងស្លាប់បង់ សល់តែផេះផង់លើពសុធា
ជួនជួបជួនព្រាត់រាល់ពេលវេលា មនុស្សគ្រប់អង្គាមិនអាចកំណត់ ។
៤ មានតែកុសលគឺផលបុណ្យទាន អាចធ្វើជាយានយ៉ាងពិតប្រាកដ
ដឹកនាំជីវិតឲ្យផុតជូរចត់ លែងរស់កំសត់លើវដ្តសង្សារ ។
៥ តែមនុស្សសព្វថ្ងៃវិស័យកិលេស លោភ:ចាក់ច្រែសនៅក្នុងចិន្តា
ចិត្តវង្វេងជ្រប់ងប់និងតណ្ហា ភ្លេចទាំងសីលាលែងបដិបត្តិ ។
៦ ខំប្រឹងហោះហើរដើរតាមចំណង់ មិនសូវផ្ចិតផ្ចង់ប្រុងប្រៀបប្រយ័ត្ន
ឈ្លក់និងសប្បាយក្លាយគ្រោះខ្ចាយខ្ចាត់ គ្មានពេលស្ងប់ស្ងាត់ក្នុងភពលោកិយ ។
៧ សម័យទំនើបទើបលាស់ដុះត្រួយ មនុស្សខំបោះពួយគ្មានត្រាប្រណី
ដួងចិត្តស្រើបញ័រភ្លេចធម៌ជិនស្រី វិលវក់ស្មារតីលែងគ្នាន់គ្នេរគិត ។
៨ ជ្រមុលជ្រមុចក្នុងជុចមោហ: ដិតដាមប្រឡាក់ក្នុងភពជីវិត
រឿងបុណ្យសីលទានគ្មានចង់ប្រព្រឹត្តិ បេះដូងនេបនិត្យតែល្បែងស្រីស្រា។
៩ ផឹកស៊ីសប្បាយក្លាយជាគុំគួន ចង់ឈ្នះរៀងខ្លួនមាំមួនហានក្លា
កើតជាទំនាស់ទាស់ទែងហឹង្សា ឥតមានមេត្តាដល់គ្នានិងគ្នា ។
១០ យកធម៌ទោស:ដាក់ក្នុងដួងចិត្ត ប្រព្រឹត្តិឧក្រិដ្ឋចងចិត្តពាធា
ធ្វើរឿងអាស្រូវផ្លូវអធម្មា ចង់ឈ្នះមួយគ្រាមិនគិតវែងឆ្ងាយ ។
១១ ព្រោះក្តីច្រណែនភ្លេចអស់ព្រះធម៌ ឈ្នានិស្សលាបពណ៍ពោលពាក្យលេបខាយ
ទីល្អមិននៅចង់ទៅអបាយ ឆួលក្តៅក្រហាយកាយចិត្តមានះ ។
១២ ទោះអាក្រក់ល្អក៍លែងគិតដល់ ចិត្តជ្រួលច្របល់ខ្វាយខ្វល់ចង់ឈ្នះ
ដើរតាមផ្លូវមារវារចាកផ្លូវព្រះ ក្នុងទ្រូងកកស្ទះដោលក្តីខឹងក្រោធ ។
១៣ ហេតុចង់មានហ៊ានធ្វើមនុស្សជ្រៃ ភ្នែកមិនរំពៃលៃមើលមនុស្សត្នោត
ប្រឹងតែបង្វែងខ្លែងបោកបញ្ឆោត ទោះបាបរាប់កោដិចិត្តសោតឥតក្រែង។
១៤ ខំរកឥតឈប់បង្រ្គប់លោភ ចិត្តជាប់ជុំពាក់វិលវល់ដូចផ្សែង
ស៊ូបំផ្លាញគេដើម្បើខ្លួនឯង ខាខាំងហួងហែងស្វែងរកយប់ថ្ងៃ ។
១៥ បេះដូងរញ្ជួយព្រួយខ្លាចក្រក្សត់ មុតមាំអំណត់ប្រិតប្រៀងកែឆ្នៃ
រកតាំងពីរស់រហូតក្សីណក្ស័យ តែក្តីស្រមៃនៅមិនគ្រប់ឡើយ ។
១៦ ជីវិតសត្វលោកជាប់ជោគដោយទុក្ខ ថ្ងៃនេះថ្ងៃមុខរងទុក្ខឥតស្បើយ
កិលេសរួមរិតជុំជិតអស់ហើយ ជីវិតកលកើយលើខ្នើយទុក្ខា ។
១៧ សព្វមនុស្សខ្នះខ្នែងស្វែងរកសុខសាន្ត តែបែរឥតស្រាន្តរិតតែខ្លោចផ្សា
ត្បិតស្វែងរកសុខលើភពទុក្ខា មិនដឹងថ្ងៃណាបានសុខឡើយ ៕