បុព្វបុរសខ្មែរយើង បានបង្កើតរឿងនិទាន ពីប្រវត្ដិនៃពិធីបុណ្យចូលឆ្នាំខ្មែរ បានសូត្រនិទានថា មានបុរសម្នាក់ឈ្មោះថាធម្មបាលជាអ្នក ប្រាជ្ញចេះចប់ត្រៃវេទ ព្រមទាំងចេះភាសាសត្វបក្សីផង ហើយតែងតែសម្ដែងមង្គល ដល់មនុស្សផងទាំងពួង។ លុះកបិលមហាព្រហ្ម (សម័យនោះគេគោរពបូជាមហាព្រហ្ម និងកបិលមហាព្រហ្ម)ជ្រាបថាធម្មបាលកុមារជាអ្នកប្រាជ្ញ ក៏មកសួរប្រស្នា៣ខ ហើយសន្យាថា ប្រសិនបើធម្មបាលដោះប្រស្នានេះរួច កបិលមហាព្រហ្មនឹងកាត់ក្បាលខ្លួនបូជាធម្មបាល។
តែប្រសិនបើធម្មបាល មិនអាចដោះស្រាយប្រស្នារួចទេ ត្រូវកាត់ក្បាលបូជាជូនមហាព្រហ្មវិញ។ ធម្មបាលសូមបង្អង់៧ថ្ងៃសិន ដើម្បីគិតប្រស្នា ប៉ុន្ដែ៦ថ្ងៃបានកន្លងផុតទៅហើយ នៅតែគិត មិនឃើញ ធម្មបាលក៏ភៀសខ្លួនទៅពួនក្រោមដើមត្នោតមួយគូ ដែលជាលំនៅសម្បុក នៃសត្វឥន្ទ្រី។ ជាភ័ព្វសំណាងល្អ យប់នោះធម្មបាលក៏បានឮសត្វឥន្ទ្រីញីឈ្មោលនិយាយគ្នា។
សត្វឥន្ទ្រីញីបានសួរទៅសត្វឥន្ទ្រីឈ្មោលថា ថ្ងៃនេះយើងបានអ្វីជាអាហារ? សត្វឥន្ទ្រីឈ្មោលនិយាយទៅសត្វឥន្ទ្រីញីថា ថ្ងៃនេះ នឹងបានសាច់ធម្មបាលកុមារស៊ីជាអាហារ ដែលត្រូវកបិលមហាព្រហ្មសម្លាប់ ព្រោះដោះប្រស្នាមិនរួច។ ឥន្ទ្រីញីបានសួរទៀតថា ប្រស្នា នោះដូចម្ដេច? ឥន្ទ្រីឈ្មោលឆ្លើយថា ៖
ខ១ ៖ នៅវេលាព្រឹក សិរីស្ថិតនៅទីណា? ត្រូវឆ្លើយថានៅមុខ ហេតុនេះហើយមនុស្សទាំងឡាយ ត្រូវយកទឹកលុបលាងមុខ។
ខ២ ៖ ថ្ងៃត្រង់ សិរីស្ថិតនៅទីណា? ត្រូវឆ្លើយថានៅទ្រូង ហេតុនេះទើបមនុស្សទាំងឡាយយកទឹកលាងទ្រូង។
ខ៣ ៖ វេលាល្ងាច សិរីស្ថិតនៅត្រង់ណា? ត្រូវឆ្លើយថានៅជើង ហេតុនោះទើបមនុស្សទាំងឡាយយកទឹកលាងជើង។
ពាក្យពេចន៍ទាំងប៉ុន្មានរបស់ឥន្ទ្រីក៏បានមកជាពន្លឺមកបំភ្លឺ ដោះស្រាយ ប្រស្នាកបិលមហាព្រហ្ម រួចចៀសផុតពីក្ដីមរណៈ។ កបិលមហាព្រហ្មសុខចិត្ដចាញ់ ព្រមកាត់ក្បាលបូជាធម្មបាល។ មុនពេលកាត់ក្បាល កបិលមហាព្រហ្មបានកោះហៅទេពធីតា ទាំង៧អង្គដែលជាបុត្រីរបស់ខ្លួនឱ្យយកពានមកទ្រក្បាល ព្រោះថាបើដាក់ក្បាលនោះនៅលើផែនដីនឹងឆេះលោកធាតុ។ បើបោះទៅ លើអាកាសនឹងរាំងភ្លៀង បើចោលទៅក្នុងសមុទ្រ ទឹកនឹងរីងស្ងួតអស់ រួចក៏កាត់ក្បាលឱ្យទៅនាងទុង្សាជាកូនច្បង។ នាងទុង្សាហែ ក្បាលកបិលមហាព្រហ្មប្រទក្សិណភ្នំព្រះសុមេរុ៦០នាទី ទើបអញ្ជើញក្បាលនោះទៅប្រតិស្ឋានទុកក្នុងមណ្ឌលភ្នំកៃលាស។ លុះដល់ គម្រប់មួយឆ្នាំសង្ក្រាន ទើបនាងទេពធីតាទាំង៧អង្គផ្លាស់វេនគ្នាមកដង្ហែក្បាលកបិលមហាព្រហ្ម ប្រទក្សិណភ្នំព្រះសុមេរុជារៀងរាល់ឆ្នាំ។
១. បើសង្ក្រានត្រូវចំថ្ងៃអាទិត្យ ត្រូវវេននាងទស្សា
២. បើសង្ក្រានត្រូវចំថ្ងៃច័ន្ទ ត្រូវវេននាងគោរាគៈ
៣. បើសង្ក្រានត្រូវចំថ្ងៃអង្គារ ត្រូវវេននាងរាក្យសា
៤. បើសង្ក្រានត្រូវចំថ្ងៃពុធ ត្រូវវេននាងមណ្ឌា
៥. បើសង្ក្រានត្រូវចំថ្ងៃព្រហស្បត៍ ត្រូវវេននាងកិរិណី
៦. បើសង្ក្រានត្រូវចំថ្ងៃសុក្រ ត្រូវវេននាងកិមិរា
៧. បើសង្ក្រានត្រូវចំថ្ងៃសៅរ៍ ត្រូវវេននាងមហោទរា
ដោយមាននិទានបែបនេះហើយ ទើបខ្មែរយើងមានជំនឿ ហើយបានរៀបចំជាពិធីបូជាទេវតាដែលត្រូវវេនដង្ហែក្បាលកបិល មហាព្រហ្ម និងត្រូវអភិបាលពិភពលោករៀងរាល់ឆ្នាំថ្មីចូលមកដល់ពុំដែលអាក់ខានឡើយ។ បុណ្យចូលឆ្នាំប្រព្រឹត្ដទៅរយៈពេលបីថ្ងៃ គឺនៅថ្ងៃ១២ ១៣ ១៤ រោចខែចេត្រត្រូវនឹងថ្ងៃទី១៣ ១៤ ១៥ ឬថ្ងៃទី១៤ ១៥ ១៦ ខែមេសា៕
(ប្រភពពី់: ANN)