កម្ពុជាក្រោម ជាផែនដីមួយភាគស្ថិតនៅប៉ែកខាងកើត ប្រទេសកម្ពុជាសម័យបច្ចុប្បន្ន ។កាលពីសម័យដើមផែនដីនេះមានឈ្មោះ ហៅថាកម្ពុជាទឹកលិច ។ តាមឯកសារប្រវត្តិសាស្ត្រឲ្យដឹងថាកាលសម័យនោះព្រះរាជាណាចក្រកម្ពុជាមានវិសាលភាពធំធេងណាស់, អ្នកប្រវត្តិសាស្ត្រសន្មតិហៅថា ចក្រភពខ្មែរ។ នៅក្នុងសម័យនោះ ប្រទេសកម្ពុជា ជាប្រទេសចក្រពត្តិ មានឥទ្ធិពល និងឫទ្ធានុភាពទៅលើប្រទេសនានានៅជិតខាងដូចយ៉ាងប្រទេសចម្ប៉ា (Champa) ប្រទេសមន,ប្រទេសជ្វា ។ល។
ប្រវត្តិ
ការដែលមានឈ្មោះកម្ពុជាលិចទឹកពីព្រោះកាលសម័យនោះមានតែប្រទេស កម្ពុជាកណ្ដាលនេះទេដែលជាដែនដីគោក ។ ចំណែកដែនដីប៉ែកខាងកើត ( កម្ពុជាក្រោមសព្វថ្ងៃមានផ្ទៃក្រឡាទំហំ
៦៧.៧០០គីឡូម៉ែត្រក្រឡាដោយរាប់ទាំងកោះត្រល់ និងកោះត្រឡាច ) នៅជាប្រជុំកោះនៅឡើយ។នៅទីនោះពុំសូវមានបណ្ដាជនខ្មែរ រស់នៅទេ( ខ្មែរពុំសូវចូលចិត្តរស់នៅតាមមាត់ទឹកដែលមានរបរនេសាទត្រីជាប្រ មុខ)ម្ល៉ោះហើយព្រះមហាក្សត្រខ្មែរក៏ពុំបានយកព្រះទ័យទុកដាក់ ត្រួតពិនិត្យផែនដីនោះឲ្យបានហ្មតចត់ប៉ុន្មានដែរ។មហា អាណាចក្រខ្មែរនាសម័យនោះមានព្រំប្រទល់ដែនខាងជើងទល់នឹងប្រទេសចម្ប៉ា(ចាម )ដែលសព្វថ្ងៃនៅត្រង់ខេត្រប៊ិញធ្វឹន (Binh Thuan), ខាងកើតទល់សមុទ្រចិន, ខាងលិចទល់នឹងទន្លេសាលូអងប្រទេសភូមាសព្វថ្ងៃ និងខាងត្បូងទល់នឹងឈូងសមុទ្រសៀម។លុះប្រហែលមួយសតវត្សរ៍ក្រោយមក កម្ពុជាទឹកលិចក្លាយជាដែនដីគោក(ដោយដីល្បាប់ទន្លេមេគង្គហូរចាក់ )។ពេលនោះប្រជារាស្ត្រខ្មែរបាននាំគ្នាទៅរស់នៅយ៉ាងកុះករថែមទាំង មានកំពង់ផែមួយយ៉ាងធំគឺកំពង់ផែព្រៃនគរ (Saigon ឬ Ho Chi Minh) សព្វថ្ងៃនេះ ។
នៅឆ្នាំ១៨៥៩ អាណានិគមបារាំងសែស បានចូលមកកាន់កាប់ដែនដីកម្ពុជាក្រោមប៉ែកខាងកើត និងនគរចម្ប៉ាដែលពេលនោះស្ថិតនៅក្រោមអំណាចយួន ។ ក្រោយមកនៅឆ្នាំ១៨៦២ រដ្ឋការអាណានិគមបារាំងសែស បានឃុបឃិតលួចធ្វើសន្ធិសញ្ញាបារាំង- យួនមួយដោយសម្ងាត់ (ដែលប្រជារាស្ត្រខ្មែរជាម្ចាស់ទឹកដី មិនបានដឹងសោះ )ប្រគល់ខេត្តទាំង៣នោះអោយស្ដេចយួនអាណ្ណាមកាន់កាប់តទៅដោយស្ថិតនៅ ជាប្រទេសក្រោមអាណាព្យាបាលបារាំង។ប៉ុន្តែ បារាំងសែស ដាក់ឈ្មោះភូមិភាគនេះហៅថា <La Cochinchine> កូស័ងស៊ីន ។
ស្ដេចជ័យជេដ្ឋាទី២
តាមប្រវត្តិសាស្ត្រឲ្យដឹងថា ដើមឡើយ យួនមិនទាន់មករស់នៅក្នុងទឹកដីកម្ពុជាក្រោមនៅឡើយ ។ លុះដល់ស្ដេចជ័យជេដ្ឋាទីII យកបុត្រីស្ដេចយួនឈ្មោះ ង៉ុក វ៉ាង ( យួនៈNguyễn Phúc Ngọc Vạn )ធ្វើជាមហេសីមក ជាតិយួនក៏ចាប់ផ្ដើមទន្ទ្រានចូលមករស់នៅក្នុងទឹកដីកម្ពុជាក្រោម បន្តបន្ទាប់គ្នារហូតមក ។ នៅឆ្នាំ ១៦២៣ , ស្ដេចយួនបានបញ្ជូនបេសកជនមួយក្រុមមកក្រាបបង្គំសុំស្ដេច ខ្មែរអនុញ្ញាត្តឈប់យកពន្ធអាករនានាក្នុងភូមិភាគក្រុងព្រៃនគរ ។ ដោយស្រលាញ់ប្រពន្ធស្រស់ល្អ និងដោយលង់ក្នុងកលល្បិចស្ត្រីយួន ស្ដេចជ័យជេដ្ឋាទី២ ក៏អនុញ្ញាត្តិតាមពាក្យសុំរបស់ស្ដេចយួន ។ តាំងពីពេលនោះមក យួនចាប់ផ្ដើមវាយលុកយកទឹកដីកម្ពុជាក្រោមបន្តិចម្ដងៗរហូតទាល់តែ ទឹកដីកូស័ងស៊ីន ទាំងមូលធ្លាក់ក្នុងកណ្ដាប់ដៃយួនទើសសព្វថ្ងៃនេះ ។
ម្យ៉ាងទៀត តាមប្រវត្តិសាស្ត្រ ជាតិយួននេះមានមធ្យោបាយ ដ៏ប្រសិទ្ធភាពមួយដែលគេតែងបានទទួលជោគជ័យតាំងពីអតីតកាលមកគឺ រឿងស្រីយួន នេះឯងមើលចុះប្រទេសចម្បាដែលត្រូវរលាយបាត់ពីផែនទីពិភពលោក ក៏ព្រោះតែស្ដេចចាមយកប្រពន្ធយួនដែរ ។ រឿងទាំងនេះជាការពិតជាក់ស្ដែង ដែលគេមិនអាចប្រកែកបានឡើយ ។
នៅក្នុងរាជព្រះបាទជ័យជេដ្ឋាទីII ប្រទេសកម្ពុជាស្ថិតនៅក្នុងសភាពវឹកវរ និងក្នុងឥទ្ធិពលជាតិយួនកាន់តែធ្ងន់បន្តិចម្ដងៗ។ ពីឆ្នាំ១៦២០ ដល់ឆ្នាំ ១៦២៤ , ស្ដេចអង្គនេះ បានកែប្រែច្បាប់ទម្លាប់នានា ក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល រួចក៏បានតាំងទីក្រុងនៅឧត្ដុង្គ។
វិបត្តិរាជបល្ល័ង្គ
ព្រះបាទជ័យជេដ្ឋាទីII បានសុគតក្នុងចន្លោះឆ្នាំ ១៦២២ និង ១៦២៧ ។ ព្រះបាទជ័យជេដ្ឋាទីIIមានកូន៣នាក់៖
កូនទី១គឺ ចៅពញាតូ (១៦២៥ -១៦៣១)
កូនទី២ (គ្មានបានបញ្ជាក់នៅក្នុងពង្សាវតារទេ) និង
កូនទី៣ គឺព្រះអង្គច័ន្ទ ហៅចៅពញាចន្ទ ។
នៅពេលព្រះបាទជ័យជេដ្ឋាទីII យាងចូលសុវណ្ណគត ព្រះឧទ័យ ជាឧបរាជ(បងព្រះជ័យជេដ្ឋាទីII ) បានដណ្ដើមរាជ្យអំពីកូនព្រះបាទជ័យជេដ្ឋាទីII(ការដណ្ដើមរាជ្យរវាង ក្មួយនឹងមាបានផ្ទុះជាសង្គ្រាមក្នុងស្រុកក្លាយទៅជាសោកនាដ្យ កម្មដ៏សោកសៅមួយក្នុងរាជវង្សានុវង្សក្សត្រអង្គនេះតរៀងមក )។
ចៅពញាតូ បានគ្រងរាជ្យនៅឆ្នាំ ១៦២៥ ហើយទ្រង់សុវណ្ណគតទៅវិញ នៅឆ្នាំ១៦៣១ ។ ក្សត្រានេះត្រូវបានជ័យជេដ្ឋាទីII ជាបិតាអប់រំយ៉ាងហ្មត់ចត់។ចៅពញាតូមានគូដណ្ដឹងម្នាក់គឺព្រះនាង អង្គវត្តី។ប៉ុន្តែនៅពេលដែល ចៅពញាតូ ទ្រង់ព្រះផ្នួសនៅឡើយ ព្រះឧទ័យ ជាមា បានរៀបអភិសេកព្រះនាងអង្គវត្តី ។ក្រោយមក,ចៅពញាតូចាកព្រះភ្នួស, លបទាក់ទងព្រះនាងអង្គវត្តីគេចភៀសខ្លួនចេញពីវាំង ។ ប៉ុន្តែ ព្រះឧទ័យចាប់បានទ្រង់ក៏ធ្វើគត់ក្សត្រទាំងពីរអង្គនោះទៅ ។ នៅឆ្នាំ ១៦៤០ព្រះឧទ័យបានលើករាជ្យឲ្យទៅកូនរបស់ខ្លួនគឺ អង្គនន់។ ពីរឆ្នាំក្រោយមកចៅពញាចន្ទ(កូនទី៣ របស់ជ័យជេដ្ឋាទីII) បានក្រោកឡើងប្រឆាំងរួចក៏បានធ្វើគត់ ព្រះឧទ័យ និងអង្គនន់ ។
ឃាតកម្មខាងលើនេះ បានធ្វើឲ្យសង្គ្រាមក្នុងស្រុកផ្ទុះឡើងជាថ្មីទៀតរហូតទល់នឹងរាជ្យជ័យជេដ្ឋាទី៤។
ចៅពញាចន្ទទ្រង់ព្រះនាមព្រះរាមណ៍ចុលសៈ មានអគ្គមហេសីជាជាតិជ្វា ។ចំណែកព្រះបទុមរាជាវិញ(កូនរបស់ព្រះឧទ័យ)កាលបើឃើញ ចៅពញាចន្ទធ្វើគត់បិតា និងព្រះរាមរបស់ខ្លួនដូច្នោះ ក៏តាំងបង្កទ័ព ក្រោកប្រឆាំងពញាចន្ទភ្លាមដែរ ។ ប៉ុន្តែ ត្រូវទទួលបរាជ័យ ក៏ភៀសខ្លួនទៅពឹងមហេសីជ័យជេដ្ឋាទី២ ដែលជាជាតិយួនឲ្យជួយច្បាំង ។ ក្សត្រីជាតិយួននេះធ្វើអន្តរាគមន៍ភ្លាម ដោយនាំទ័ព(ជនជាតិយួន)ដែលទើបតែរំដោះរួចពីនឹមពួកតុងកឹង ។ ពេលនោះ ចៅពញាចន្ទត្រូវយួនចាប់ឃុំក្នុងទ្រុងដែករួចបន្ទាប់មកទ្រង់ សុវណ្ណគត់ ។ ព្រះបទុមរាជាឈ្នះសង្គ្រាម(ដោយសារយួនជួយ)ក៏ឡើងសោយរាជ្យហើយ ទ្រង់សុវណ្ណគត់នៅឆ្នាំ១៦៧២ ។ ព្រះអង្គជី ជាបុត្រច្បង ឡើងស្នងរាជ្យសម្បត្តិ ។ ប៉ុន្តែ ក្រោយមកព្រះអង្គជីត្រូវយួនធ្វើគត់ដើម្បីលើកអង្គនន់ ជាឧបរាជ ។
ពេលព្រះអង្គជីសុគត់ ប្អូនរបស់ក្សត្រអង្គនេះឡើងគ្រងរាជ្យ ទ្រង់សន្មតិនាមហៅថា ព្រះបាទជ័យជេដ្ឋាទីIV ។
កម្ពុជាក្រោមមិនមែនវៀតណាមខាងត្បូងទេ។ប្រទេសដែលហៅថាវៀតណាម ខាងត្បូងគឺជាដែនដីរាប់ចាប់តាំងពីខ្សែស្របទី១៧ឆ្ពោះទៅប៉ែកខាងជើង ។ ចំណែកប្រទេសកម្ពុជាក្រោមឬកូសាំងស៊ីនគឺជាដែនដីស្ថិតនៅភាគខាងត្បូង ប្រទេសវៀតណាមខាងត្បូងចុះមកទល់និងសមុទ្រចិន និងឈូងសមុទ្រសៀម ។ នៅក្នុងសតវត្សន៍ទី ១៦, ១៧, ១៨ សាកលលោកមិនទាន់ស្គាល់ឈ្មោះកូសាំងស៊ីនទេ គេស្គាល់ឈ្មោះមួយទៀតសម្រាប់ភូមិភាគនេះគឺប្រទេសកម្ពុជា។ ជនជាតិយួនបានចូលមករាតត្បាតទឹកដីកម្ពុជាក្រោមពីឆ្នាំ ១៦៣០ ប៉ុន្តែ ពុំទាន់បានកាន់កាប់ទឹកដីរបស់ខ្មែរនេះផ្ទាល់នៅឡើយ ព្រោះប្រជារាស្ត្រដែលជាម្ចាស់ទឹកដីបានធ្វើសង្គ្រាមប្រឆាំងតបត ទល់នឹងជនជាតិយួនជានិច្ច។ជនជាតិយួនបានល្បងដណ្ដើមយកទឹកដីកម្ពុជា ក្រោម ចាប់តាំងពីឆ្នាំ ១៦៣០ មកទល់នឹង ១៨៥៩(ក្នុងរយៈពេលអាណានិគមនិយមបារាំងសែស ត្រួតត្រាដែនដីកម្ពុជាក្រោមពេញបន្ទុក) ។
នៅចំពោះមុខការតស៊ូដ៏ខ្លាំងក្លារបស់ប្រជារាស្ត្រខ្មែរក្រោម ស្ដេចយួនបានចុះសន្ធិ្ធសញ្ញាមួយជាមួយអាណានិគមបារាំង នាថ្ងៃទី១៥ មីនា ១៨៧៤ ដោយស្ដេចយួនបានប្រកាសថាយួនគ្មានសិទ្ធិលើទឹកដីកម្ពុជាក្រោមឡើយ ។
ការបែងចែកកម្ពុជាក្រោម
សូមមើល: បញ្ជីរាយនាមខេត្ត ក្រុង និងកោះខ្មែរនៅកម្ពុជាក្រោម បន្ថែម
កម្ពុជាក្រោមចែកជាពីរផ្នែក៖ កម្ពុជាក្រោមប៉ែកខាងកើត និងកម្ពុជាក្រោមប៉ែកខាងលិច
កម្ពុជាក្រោមប៉ែកខាងកើត
បុណ្យនៅវត្ត ចន្ទរង្សី , ព្រៃនគរ (សាយហ្គន)
ជាដែនដីស្ថិតនៅខាងកើតកំពង់ផែព្រៃនគរ ឬសៃហ្គន ។ ផែនដីនេះកាលសម័យនោះ មានឈ្មោះហៅថាស្រុកដូណៃ ។ ភូមិភាគ ដូនណៃ នេះ ភាគធំសុទ្ធសឹងជាខ្ពង់រាប ។ ស្រុកនេះបានត្រូវពួកជនជាតិយួនប្លន់យកនៅពេលដែលប្រទេសខ្មែរ កើតសង្គ្រាមក្នុងស្រុកគឺក្នុងរវាង គ.ស ១៦២៣ ។ ក្នុងភូមិភាគដែនដី ដូណៃ នេះមានជាអាទិ៍ ខេត្តកោះគង (Go Cong យួនហៅហ្កកុង),ទួលតាមោក(Thu dau Mot យួនហៅធូយ៉ូវម៉ូត),ព្រះសួគ៌ា(Ba Ria យួនហៅបារៀ),ចង្វារត្រពាំង(Bien Hoa យួនហៅបៀនវ៉ា),អូកាប់(Vung Tau យួនហៅវុងតាវ) ។ វត្តឃ្លាំង ក្នុង ខេត្តឃ្លាំង ដែលជនជាតិយួនហៅថា ខេត្តសុកត្រាំង
កម្ពុជាក្រោមប៉ែកខាងលិច
វត្តឃ្លាំងក្នុងខេត្តឃ្លាំងដែលវៀតណាមហៅថាខេត្តសុកចាំង
ជាដែនដីស្ថិតនៅភាគខាងលិច កំពង់ផែព្រៃនគរគឺត្រើយខាងឆ្វេងទន្លេសៃហ្គន,សព្វថ្ងៃគេចូលចិត្ត ហៅថា ដែនដីសណ្ដរទន្លេមេគង្គ ។ភូមិភាគនេះមានបណ្ដារាស្ត្រខ្មែររស់នៅយ៉ាងកុះករ,សម្បូរណ៍ដោយ ព្រែក,ទន្លេ , អូ , ជ្រលង ,បឹងបួរ ។ ដីនៅតំបន់នេះមានជីរជាតិល្អណាស់ សម្រាប់វិស័យកសិកម្ម ។ កម្ពុជាក្រោមប៉ែកខាងលិច ជាភូមិភាគដីវាលទំនាប។ នៅក្នុងសម័យនោះភូមិភាគនេះ ចែកចេញតែ៣ខែត្រធំៗ គឺ៖
ខេត្តឡុងហូ(ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៦០យួនចែកចេញជាខែត្រ វិញឡុង, សាដែក, និង ត្រាវិញ)
ខេត្តមាត់ជ្រូក(ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៦០យួនចែកជាខែត្រចូវដុក, ឡុងស្វៀន, កឹនថើ, និងសុកត្រាំង)
ខេត្តពាម (ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៦០យួនចែកជាខេត្ត ហាទៀង,រ៉ាចយ៉ា និងបាក់លីវ) ។
សូមបញ្ជាក់ថា ដែនដីកម្ពុជាក្រោមត្រូវរាប់បញ្ជូលកោះពីរផង គឺ កោះត្រឡាច(Con Son យួនហៅកូនសឺន) និង កោះត្រល់(Phu Quocយួនហៅហ្វូកួក) ។
អាណាខេត្តនៅកម្ពុជាក្រោម
នៅកម្ពុជាក្រោមទាំងមូល កាលពីសម័យមុន ចែកចេញជាអាណាខេត្តធំៗ៤គឺ៖
អាណាខេត្តដូនណៃ
អាណាខេត្តលង់ហោរ
អាណាខេត្តមាត់ជ្រូក
អាណាខេត្តពាម
ក្រោយមកអាណាខេត្តទាំងនោះត្រូវបានបែងចែកជាខេត្តតូចៗចំនួន ២១ខេត្ត ដែលនៅប្រើរហូតដល់ចុងទសវត្សរ៍ឆ្នាំ១៩៦០ ។ ឈ្មោះខេត្តទាំង២១នោះគឺៈ
១- ព្រះត្រពាំង
២-ស្រុកឃ្លាំង
៣-មាត់ជ្រូក
៤-ក្រមួន ស
៥-ពលលាវ
៦-ទឹកខ្មៅ
៧-ពាម
៨-ព្រែកឫស្សី
៩-លង់ហោរ
១០-ពាមបារាជ
១១-រោងដំរី
១២-ព្រៃនគរ
១៣-ទួលតាមោក
១៤-ផ្សារដែក
១៥-ចង្វារត្រពាំង-ស្រកាត្រី
១៦-មេស
១៧-កោះគង
១៨-ព្រះសួគ៌ា
១៩-ផ្សំអំបើស
២០-ឈ្មោះថ្មី
២១-អូរកាប់
ការកែប្រែឈ្មោះខេត្តខ្មែរទៅជាភាសាយួននៅក្នុងជំនាន់បារាំង
១- ព្រះត្រពាំង(Tra Vinh=ត្រាវិញ)
២-ស្រុកឃ្លាំង(Soc Trang=សុកត្រាំង)
៣-មាត់ជ្រូក(Chau doc=ចូវដុក)
៤-ក្រមួនស(Rach Gia=រ៉ាចយ៉ា)
៥-ពលលាវ(Bac Lieu=បាក់លៀវ)
៦-ទឹកខ្មៅ(Ca Mau=កាម៉ាវ)
៧-ពាម(Ha Tien=ហាទៀន)
៨-ព្រែកឫស្សី(Can Tho=កឺនថឹ)
៩-លង់ហោរ(Vinh Long=វិញឡុង)
១០-ពាមបារ៉ាជ្ញ(Long Xuyen=ឡុងស្វៀន)
១១-រោងដំរី(Tay Ninh=តីនីញ)
១២-ព្រៃនគរ(Sai Gon=សាយយ្គន)
១៣-ទួលតាមោក(THu Dau Mot=ធូយ៉ូវម៉ូត)
១៤-ផ្សារដែក(Sa Dec=សាដេក)
១៥-ចង្វារត្រពាំង-ស្រកាត្រី(Bien Hoaបៀនវ៉ា)
១៦-មេស(My Tho=មីថរ)
១៧-កោះគង(Go Cong=ហ្កកុង)
១៨-ព្រះសួគ៌ា(Ba Ria=បារៀ)
១៩-ផ្សំអំបើស(Ben Tre=បេនត្រែ)
២០-ឈ្មោះថ្មី(Tan An=តឹនអាន)
២១-អូរកាប់(Cap. St. Jacques=កាបសាំងហ្សាក់)
ការកែប្រែឈ្មោះខេត្តខ្មែរទៅជាភាសាយួននៅក្នុងជំនាន់ ង៉ូ ឌីញ យៀម
ព្រះត្រពាំង (Vinh Binh=វិញប៊ិញ)
ស្រុកឃ្លាំង (Soc Trang=សុកត្រាំង, Bac Lieu=បាក់លៀវ)
មាត់ជ្រូក (An Giang=អាងយ៉ាង, Chau Doc=ចូវដុក, Long Xuyen=ឡុងស្វៀន)
ក្រមួនស (Choung Thien=ជួងធៀន, Rach Gia=រ៉ាច់យ៉ា, Can Tho=កឹនថឹ, Ba Xuyen=បាស្វៀន, An Xuyen=អានស្វៀន)
ពលលាវ (Ba Xuyen=បាស្វៀន, An Xuyen=អានស្វៀន)
ទឹកខ្មៅ (An Xuyen=អានស្វៀន, [Ca Mau-Bac Lieu=កាម៉ាវ-បាក់លៀវ])
ពាម (Kien Giang=គៀនយ៉ាង[Ha Tien-Rah Gia=ហាទៀន-រ៉ាច់យ៉ា])
ព្រែកឫស្សី (Phong Dinh=ហ្វុងយិញ)
លង់ហោរ (Vinh Long=វិញឡុង[Vinh Long-Sa Dec=វិញឡុង-សាដេន]
ពាមបារ៉ាជ្ញ (Long Xuyen=ឡុងស្វៀន)
រោងដំរី(Tay Ninh=តីនីញ)
ព្រៃនគរ (Sai Gon=សាយហ្គន,[Gia Dinh-Cho lon=យ៉ាឌីញ-ចឺឡឺន])
ទួលតាមោក (Binh Duong=ប៊ិញយឿង[Binh Long=ប៊ិញឡុង])
ផ្សារដែក (Kien Phong=គៀនហ្វុង)
ចង្វារត្រពាំង (Phuoc Thanh=ហ្វឿកថាញ់, Phuoc Long=ហ្វឿកឡុង)
មេស (Dinh Tuong=យិញទឿង)
កោះគង (Dinh Tuong=យិញទឿង, Long An=ឡុងអាន)
ព្រះសួគ៌ា(Phuoc Tuy=ហ្វឿកធ្វី, Binh Tuy=ប៊ីញធ្វី)
ផ្សំអំបើស (Kien Hoa=គឿនហ្វា)
ឈ្មោះថ្មី (Long An=ឡុងអាន)
អូរកាប់ (Vung Tau=វុងតាវ)
អត្ថបទពី វីគីភីឌា